ខេត្តកំពត-តាកែវ៖ នៅថ្ងៃសៅរ៍ ១១រោច និងថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក Donal Brown អនុប្រធាន IFAD អមដំណើរដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំកម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ និងកំពង់ដសហគមន៍ និងបានជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋទទួលផលពីគម្រោងទាំង៣ នៅក្នុង ភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និង ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង និងភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងដំណើរទស្សកិច្ចនេះ លោក Donal Brown និងប្រតិភូអមដំណើរ បានទៅពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រវែង ៣ គ.ម តភ្ជាប់ពីផ្លូវជាតិលេខ ២ ទៅភូមិព្រៃផ្អាវ ឃុំរនាម និងកំពង់ដសហគមន៍ នៅក្នុងភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ដែលកំពុងសាងសង់ ស្ថិតក្នុងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ បន្ទាប់មក គណៈប្រតិភូបានទៅពិនិត្យមើលសកម្មភាពលក់ដូរផលិតផលកសិផលនៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពត និងពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១១,៣៤ គ.ម (ក្បាល់រមាស-ចក្រីទីង) តភ្ជាប់ពីផ្លូវជាតិលេខ ៣ ទៅសាលាស្រុកទឹកឈូ និងផ្លូវលេខ ៣៣ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដាំបន្លែ នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង គាំទ្រដោយកម្មវិធី ASPIRE និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងពិធីសំណេះសំណាល ប្រជាពលរដ្ឋទទួលពីគម្រោងទាំង ៣ ខាងលើបានសម្ដែងងនូវសោមនស្សរីករាយយ៉ាងក្រៃលែង ដោយទទួលបានផ្លូវក្រាលកៅស៊ូ និងបេតុង ដែលជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ពួកគាត់ ព្រមទាំងទទួលបានគាំទ្រជាច្រើនលើការដាំដុះដំណាំ និងទីផ្សារ។ ជាមួយនឹងសេចក្តីសប្បាយរីករាយនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលផល ក៏បានថ្លែងអំណរគុណដល់ក្រសួងទាំង៣ ដែលបានខិតខំកៀរគរធនធានមកធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការជួយដល់ការដាំដុះ និងការចិញ្ចឹមសត្វទទួលផលខ្ពស់ និងមានទីផ្សារ ដែលជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូល៕