ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង, ក្រុមការងារ (SP1) ចុះតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវ០១ខ្សែមានប្រវែងសរុប៣,២គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,០៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវ១ម៉ែត្រសងខាង ជាកៅស៊ូមួយជាន់ (SBST) និងផ្លូវបេតុងប្រវែង ១៤០ម៉ែត្រ, លូប្រអប់ ០១កន្លែង, លូមូលកាត់ផ្លូវ ០៥កន្លែង កាត់ភូមិថ្មី និងភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានចាប់ផ្តើមស្ថាបនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៩៥% គ្រោងបញ្ចប់ការស្ថាបនានៅថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានដឹកនាំកិច្ចប្រជុំដែលមានលោកស្រីអភិបាលរងស្រុក, លោកស្រីមេឃុំ, លោកក្រុមប្រឹក្សាឃុំ, លោកស្រីមេភូមិ, តំណាងក្រុមហ៊ុនទទួលការសាងសង់, តំណាងទីប្រឹក្សាគម្រោង (SP1) និងមន្រ្តីជំនាញទទួលបន្ទុកអនុវត្តគម្រោង ទទួលបានលទ្ធផលដូចខាងក្រោម៖

– អាជ្ញាធរមូលដ្ឋានបានប្តេជ្ញាចិត្តចូលរួមសហការ ថែទាំផ្លូវឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងរិះរកវិធានការដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

– ជំរុញការចុះផ្សព្វផ្សាយដល់ខ្នងផ្ទះពលរដ្ឋដែលរស់នៅតាមដងផ្លូវ ឱ្យចូលរួមសហការថែរក្សាផ្លូវ ពិសេសដាក់លូ ឬធ្វើប្រឡាយដោះទឹកកុំឱ្យដក់នៅលើផ្លូវ

– ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានភាពរីករាយសប្បាយចិត្ត និងអបអរសារទរចំពោះសមិទ្ធផលទាំងនេះ ។