ខេត្តកំពត៖ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង,

លោកអភិបាលរងស្រុក, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងក្រុមការងារ (SP1) ចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់ផ្លូវ០១ខ្សែប្រវែងសរុប ១១,៣៤គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST), លូប្រអប់ ០៩កន្លែង, លូមូលកាត់ផ្លូវ ៣១កន្លែង ដែលកាត់ភូមិចំនួន០៧ រួមមាន៖ ភូមិត្រពាំងសង្កែ, ត្រពាំងព្រីងខាងត្បូង, អង្គ, បុស្សត្របែក, មានរិទ្ធិ, ទឹកក្រហម និងភូមិភ្នំតូច ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ, ត្រពាំងព្រីង និងឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត សម្រេចបានប្រមាណ ២៥ %។ ដែលចាប់ផ្តើមដំណើរការសាងសង់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គ្រោងបញ្ចប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានដឹកនាំកិច្ចប្រជុំមួយទៀតដែលមានលោកអភិបាលរងស្រុក, លោកប្រធានមន្ទីរ, លោកមេឃុំ, លោកក្រុមប្រឹក្សាឃុំ, លោកមេភូមិ, តំណាងក្រុមហ៊ុនទទួលការសាងសង់, តំណាងទីប្រឹក្សាគម្រោង (SP1) និងមន្រ្តីជំនាញទទួលបន្ទុកអនុវត្តគម្រោងដើម្បីស្វែងយល់ពីផលប៉ះពាល់នៃការស្ថាបនាផ្លូវ ទទួលបានលទ្ធផលដូចខាងក្រោម៖

-អាជ្ញាធរមូលដ្ឋានបន្តចូលរួមសម្របសម្រួលជាមួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសន្តិវិធីដើម្បីជំរុញការអនុវត្តគម្រោងឱ្យបានរលូន

– រិះរកមធ្យោបាយដើម្បីការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

– បំពាក់ស្លាកសញ្ញាបន្ថែមក្នុងការដ្ឋានកំពុងសាងសង់

– ក្រុមហ៊ុនទទួលការសាងសង់ប្តេជ្ញាបញ្ចប់ការសាងសង់ឱ្យបានមុនរដូវវស្សាចូលមកដល់ និងប្រកបដោយគុណភាព

– ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានការរីករាយសប្បាយចិត្ត និងអបអរសារទរចំពោះសមិទ្ធផលទាំងនេះ ។