ខេត្តតាកែវ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីអនុវត្តគម្រោងថ្នាក់ជាតិ ដោយមានការសម្របសម្រួលពីមន្ដ្រីអនុវត្តគម្រោងថ្នាក់ខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងបរិវត្តកម្មយេនឌ័រ និងការរំលោភបំពានផ្លូវភេទ កំឡុងពេលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាអ្នកទទួលផលដែលរស់នៅតាមខ្សែផ្លូវកំពុងស្ថាបនា នៅសាលាឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដែលមានអ្នកចូលរួមសរុបចំនួន ១២៧ នាក់ (ស្ត្រីមានចំនួន៥៣នាក់=៤២%)។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ចំនួន ២ ដូចខាងក្រោម៖
– ផ្សព្វផ្សាយអំពីគំរូប្លង់លម្អិតរបស់ការងារស្ថាបនា, វិធានការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងបរិស្ថាន, ការឆ្លើយតបនឹងអំពើហិង្សាលើយេនឌ័រ, ការបង្ការការពារអំពើបៀតបៀនផ្លូវភេទ កេងប្រវ័ញ្ច និងបំពាននានា និង វិធានការសុវត្ថិភាពចរាចរណ៍។
– ផ្សព្វផ្សាយ ណែនាំអំពីយន្តការបណ្តឹងដែលអាចប្តឹងតវ៉ាដោយប្រជាពលរដ្ឋ ឬដោយបុគ្គលិក កម្មករ និងអ្នកដែលរងហេតុប៉ះពាល់ដោយសារការស្ថាបនា, ដាក់ប្តឹងទៅភ្នាក់ងារគ្រប់គ្រងគម្រោង, និងក្រុមការងារអនុវត្តន៍គម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន ឬអ្នកតំណាងគម្រោង និងដើម្បីស្វែងរកដំណោះស្រាយក្នុងខណៈពេលដែលពួកគេត្រូវបានទទួលរងផលប៉ះពាល់ដោយសារសកម្មភាពគម្រោង៕
*