នៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន Tropicam បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល KAS-Data ដែលធ្វើបទបង្ហាញដោយ ក្រុមហ៊នផ្តល់សេវា KAS-SP (Optistech) និងសហការរៀបចំដោយអនុសមាសភាគទី២.២ នៃគម្រោង SAAMBAT នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tropicam ។ ការបណ្តុះបណ្តាលនេះផ្តោតទៅលើការណែនាំជាក់ស្តែងសម្រាប់ការបញ្ចូលទិន្នន័យវដ្តដំណាំទៅក្នុង KAS-Data និងការបកស្រាយតារាងទិន្នន័យដែលបង្កើតពីប្រព័ន្ធដោយស្វ័យប្រវត្តិ។

បន្ទាប់ពីធ្វើបទបង្ហាញរួចយើងក៏បានពិភាក្សាដោយធ្វើការផ្តោតសំខាន់លើសពីទិដ្ឋភាពបច្ចេកទេស ជំរុញការយល់ដឹងអោយកាន់តែស៊ីជម្រៅអំពីការធ្វើបរិវត្តកម្មឌីជីថលទៅលើការគ្រប់គ្រងដំណាំ និងការព្យាករណ៍ទិន្នផលដំណាំ។ ការបណ្តុះបណ្តាលនេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ដែលក្រុមហ៊ុន Tropicam ជាក្រុមហ៊ុនឈានមុខគេក្នុងចាប់យកអត្ថប្រយោជន៍ និងពង្រីកសក្តានុភាពយ៉ាងពេញលេញអំពីបច្ចេកវិទ្យាតាមរយៈការប្រើប្រាស់ថ្នាលឌីជីថល KAS-Data ។

នៅពេលយើងសម្លឹងឆ្ពោះទៅអនាគត យើងមានទំនុកចិត្តខ្ពស់ថាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនេះ នឹងមិនត្រឹមតែធ្វើឱ្យប្រតិបត្តិការកាន់តែមានភាពល្អប្រសើរឡើងជាងមុនប៉ុណ្ណោះទេ ថែមទាំងពង្រឹងសមត្ថភាពរបស់វិនិយោគិនក្នុងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ​ និងពុំមានហានិភ័យខ្ពស់។ ស្មារតីចូលរួម និងកិច្ចសហប្រតិបត្តិការក្នុងការទទួលការបណ្តុះបណ្តាលនេះ នឹងជម្រុញភាពច្នៃប្រឌិត និងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព រួមទាំងជំរុញភាពជោគជ័យក្នុងការពង្រីកវិសាលភាពបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនាពេលអនាគត និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទិ៧នេះ។