ខេត្តស្វាយរៀង ៖ នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៦-៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពានិជ្ជូនីយកម្មកសិកម្ម ហៅកាត់ថា (SAAMBAT) បានដឹកនាំក្រុមការងារបច្ចេកទេស និងបរិស្ថាន-សង្គម នៃគម្រោង រួមជាមួយក្រុមហ៊ុនសាងសង់
( ECI-SBPH JV) ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស(SP1) និងអាជ្ញាធរមូលដ្ឋាន ស្រុក-ឃុំ-ភូមិ បានអញ្ជើញទៅពិនិត្យ ការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ខ្សែ និងការដ្ឋានកែលម្អផ្សារជនបទមួយកន្លែងដូចខាងក្រោមនេះ ៖
-ខ្សែទី១៖ (តាសួស-តានូ) មានប្រវែង ៣,២០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតនៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លទ្ធផលសម្រេចបាន ៣២.៧១ % ។
-ខ្សែទី២៖ (ព្រែកតាបែន-ស្វាយដំណាក់) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានប្រវែង ៥,៩៣គីឡូម៉េត្រស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាលទ្ធផលសម្រេចបាន ១៧.៦៣ % ហើយគ្រោងនឹងបញ្ចប់ ១០០% នៅខែមករា ឆ្នាំ២០២៤ ។
-ការដ្ឋានកែលម្អផ្សារជនបទ (ផ្សារស្វាយជ្រំ) ក្នុងនោះក៏មានការសាងសង់បង្គន់អនាម័យមួយខ្នង ដែលជាលទ្ធសម្រេចបាន ៧៥% ដោយគ្រោងនឹងបញ្ចប់ ១០០% នៅខែមករា ឆ្នាំ២០២៤ ។
បន្ទាប់ពីបានពិនិត្យទៅលើលក្ខណបច្ចេកទេស និងការសាងសង់ផ្លូវ និងផ្សាររួចមក ក្រុមការងារគម្រោងបានណែនាំដល់ភាគីក្រុមហ៊ុនសាងសង់ដូចខាងក្រោម ៖
-ត្រូវជំរុញល្បឿននៃនការសាងសងផ្លូវទាំងពីរខ្សែខាងលើទៅតាមផែនការដែលបានគ្រោងទុក
-ត្រូវបង្កើនចំនួនសាងសង់ ដើម្បីធានាទាំងគុណភាព និងបរិមាណ។
-ត្រូវពិនិត្យប្រព័ន្ធប្រឡាយទឹកតាមសងខាងផ្លូវឱ្យបានច្បាស់លាស់ ជៀសវាង ស្ទះទឹកនៅផ្នែកណាមួយនៃផ្លូវ។
– ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព និងទីតាំងរណ្តៅដី
-ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមជ្រើសរើសកម្មករជួយការងារចងដែក និងការងារដាំស្មៅតាមជើងទេរផ្លូវ។
– ត្រូវរៀបចំដាក់ស្លាកសញ្ញាសុវត្ថិភាពចរាចរការពារសុវត្ថិភាពបន្ថែមទៀតនៅតាមការដ្ឋានកំពុងសាងសង់ និងត្រូវផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាននៅពេលយប់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕